ICC ថ្កោលទោសទណ្ឌកម្មអាមេរិកលើបុគ្គលិករបស់ខ្លួន ហើយប្តេជ្ញាបន្តផ្តល់យុត្តិធម៌

 ប្រភព៖ Reuters

ឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានថ្កោលទោស ចំណាត់ការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើបុគ្គលិករបស់ខ្លួន ដោយចាត់ទុកថាជាការរារាំង ដល់ការងារស្វែងរកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិ។

ICC បានបញ្ជាក់ថា ទណ្ឌកម្មទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ខ្លួន ហើយបាន អំពាវនាវដល់រដ្ឋសមាជិកទាំង ១២៥ ប្រទេស «រួបបរួមគ្នា» ដើម្បីយុត្តិធម៌និងសិទ្ធិមនុស្ស។ ICC បញ្ជាក់ទៀតថា «តុលាការឈរយ៉ាងរឹងមាំជាមួយបុគ្គលិករបស់ខ្លួន ហើយសន្យាថានឹងបន្តផ្តល់យុត្តិធម៌និង ក្តីសង្ឃឹម ដល់ជនរងគ្រោះស្លូតត្រង់រាប់លាននាក់ នៃអំពើឃោរឃៅនៅទូទាំងពិភពលោកក្នុងគ្រប់ស្ថានភាពទាំងអស់មុនពេលវាកើតឡើង»

សូមជម្រាបថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងរឹតត្បិតការធ្វើដំណើរលើបុគ្គលិក ICC ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតពលរដ្ឋអាមេរិកឬសម្ព័ន្ធមិត្ត។ នេះគឺជាការអនុវត្តឡើងវិញនូវគោលនយោបាយ ដែលលោកធ្លាប់បានអនុវត្តក្នុងអាណត្តិមុន និងជាប្រតិកម្មតបតទៅនឹងដីកាចាប់ខ្លួនលោក Netanyahu

គួរបញ្ជាក់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឈ្លានពាន ក្នុងករណីដែលរដ្ឋសមាជិកមិនអាចឬមិនមានឆន្ទៈ ក្នុងការកាត់ទោសដោយខ្លួនឯង។ តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយពលរដ្ឋនៃរដ្ឋសមាជិក ឬនៅលើទឹកដីនៃរដ្ឋសមាជិក៕



 

Powered by Blogger.