ចិនប្រកាសចាត់វិធានការប្រឆាំងក្រុមហ៊ុន Google និងក្រុមហ៊ុនអាមេរិកផ្សេងទៀត

ប៉េកាំង៖ រដ្ឋបាលបទប្បញ្ញត្តិទីផ្សាររបស់ប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន Google ត្រូវបានសង្ស័យថាបានបំពានច្បាប់ប្រឆាំងអាជីវកម្មផ្តាច់មុខរបស់ប្រទេសចិន ហើយការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងស្របតាមច្បាប់។

ផលិតផលរបស់ក្រុមហ៊ុន Google ដូចជាម៉ាស៊ីនរករក ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសចិន ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកមួយនេះនៅប្រទេសចិនមានប្រហែល ១ភាគរយនៃការលក់ទូទាំងពិភពលោក។ ទោះយ៉ាងណា ក្រុមហ៊ុន Google នៅតែដំណើរការជាមួយដៃគូនានារបស់ខ្លួនក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាដើម។

នៅក្នុងហេតុការណ៍ដោយឡែកមួយផ្សេងទៀត ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ខ្លួនបានដាក់ក្រុមហ៊ុន PVH Corp ដែលជាក្រុមហ៊ុនជាម្ចាស់ម៉ាកយីហោល្បីៗ ដូចជា Calvin Klein និង Tommy Hilfiger និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Illumina ទៅក្នុងបញ្ជីអង្គភាពមិនគួរឱ្យទុកចិត្ត របស់ខ្លួន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនពាណិជ្ជកម្មចិនបាននិយាយថា ក្រុមហ៊ុនទាំងពីរបានចាត់វិធានការដែលត្រូវបានហៅថាជា វិធានការរើសអើងប្រឆាំងនឹងសហគ្រាសចិន និងធ្វើឱ្យខូច សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។

ក្រុមហ៊ុនដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនេះអាចប្រឈមនឹងការផាកពិន័យ និងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយផ្សេងទៀត រួមទាំងការបង្កកពាណិជ្ជកម្ម និងការដកហូតប័ណ្ណការងារសម្រាប់បុគ្គលិកបរទេសផងដែរ។

ទោះយ៉ាងណា ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែមលើការស៊ើបអង្កេតនេះ ឬអំពីមូលហេតុដែលឈានទៅរកការចោទប្រកាន់ថាក្រុមហ៊ុន Google ថាបានរំលោភបំពានច្បាប់នោះដែរ៕



 

 

Powered by Blogger.