បណ្តាមេដឹកនាំ EU កោះប្រជុំស្តីពីវិស័យការពារជាតិ និងរកវិធីដោះស្រាយជាមួយ ត្រាំ

 ប្រភព៖ Reuters

ព្រុចសែល៖ មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទ ទី៣​ ខែកុម្ភៈ បានជួបពិភាក្សាគ្នា រកវិធីសាស្រ្តពង្រឹងការការពារនៅទ្វីបអឺរ៉ុប ប្រឆាំងនឹងរុស្ស៉ី ក៏ដូចជាស្វែងរករបៀបដោះស្រាយ ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្រោយការប្រកាសយកពន្ធលើទំនិញ នាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។

បន្ទាប់ពីការឡើងកាន់តំណែងរបស់ លោក ត្រាំ ប្រធានបទស្តីពីវិស័យការពារជាតិ ក៏បានក្លាយជាកត្តាសំខាន់ ក្នុងកិច្ចពិភាក្សាផងដែរ ខណៈដែលលោកបានទាមទារឱ្យបណ្តាប្រទេសនៅអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិពួកគេ ហើយពឹងផ្អែកតិចលើសហរដ្ឋអាមេរិក តាមរយៈអង្គការណាតូ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ចាត់ទុកសម័យប្រជុំខាងនេះថា គ្រាន់តែជាជំនួបមួយ ដើម្បីដាក់ចេញនូវគោលនយោបាយការពារជាតិ ហើយគ្មានសេចក្តីប្រកាស ឬសម្រេចចិត្តផ្លូវការណាមួយឡើយ។ សម័យប្រជុំដំបូងផ្តោតលើភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មានន័យថា ចំណាត់ការដាក់ពន្ធគយដ៏ច្រើនរបស់ លោក ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅ គឺជារឿងដែលត្រូវគិតគូរ ពិសេសគឺដោយសារតែមន្ត្រីសហភាពអឺរ៉ុប បារម្ភថាពួកគេអាចប្រឈមមុខនឹងវិធានការស្រដៀងគ្នានេះ ក្នុងពេលឆាប់ៗ។

គេរំពឹងថា បណ្តាមេដឹកនាំ EU នឹងពិភាក្សាអំពីតម្រូវការ សមត្ថភាពយោធា សម្រាប់ពេលប៉ុន្មានឆ្នាំខាងមុខ ដូចជារបៀបទទួលបានមូលនិធិ និងកិច្ចសហការបន្ថែមដោយគម្រោងរួមគ្នា៕



 

Powered by Blogger.