Elon Musk ថា កំពុងធ្វើការ ដើម្បីបិទទីភ្នាក់ងារផ្តល់ជំនួយរបស់អាមេរិក USAID

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖  លោក Elon Musk កំពូលមហាសេដ្ឋីអាមេរិក ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ក្នុងការបង្រួមរដ្ឋាភិបាលសហព័ន្ធ ទើបតែបានឱ្យដឹងបន្ថែមទាក់ទងនឹងកិច្ចប្រឹងប្រែងនេះ ដោយនិយាយថា ពួកគេកំពុងតែធ្វើការ ដើម្បីបិទទ្វារទីភ្នាក់ងារផ្តល់ជំនួយបរទេស របស់សហរដ្ឋអាមេរិក គឺ ​USAID

លោក Musk ដែលត្រូវបានលោក ត្រាំ ចាត់តាំងឱ្យទទួលបន្ទុកដឹកនាំ កិច្ចប្រឹងប្រែងកាត់បន្ថយ ការចំណាយរបស់​រដ្ឋាភិបាលអាមេរិក បានលើកឡើងថា ទីភ្នាក់ងារ USAID គឺលែងអាចស្រោចស្រង់បានហើយ ហើយលោក ត្រាំ បានគាំទ្រឱ្យ​បិទទីភ្នាក់ងារនេះចោលតែម្តង។

ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋបាលលោក ត្រាំ បានបណ្តេញ​មន្រ្តីសន្តិសុខកំពូល២រូប នៅ USAID ក្រោយពីពួកគេបានព្យាយាមរារាំង ក្រុមអ្នកតំណាងមកពីស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក Musk មិនឱ្យចូលទៅកាន់ផ្នែកត្រូវបានហាមឃាត់ នៃអគាររបស់ USAID

USAID គឺជាអ្នកបរិច្ចាគជំនួយធំជាងគេបង្អស់ នៅលើពិភពលោក។ កាលពីក្នុងឆ្នាំសារពើពន្ធ២០២៣ សហរដ្ឋអាមេរិក បានចំណាយថវិកា៧២ពាន់លានដុល្លារ ក្នុងការផ្តល់ជំនួយនៅទូទាំងពិភពលោក ដែលរាប់ចាប់តាំងពីសុខភាពស្រ្តី នៅតាមតំបន់​ដែលមានជម្លោះ ការទទួលបានទឹកស្អាត កិច្ចប្រឹងប្រែងព្យាបាលជំងឺ HIV/AIDS រហូតដល់សន្តិសុខថាមពល និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ USAID បានផ្តល់នូវ៤២ភាគរយ នៃជំនួយមនុស្សធម៌ទាំងអស់ ដែលត្រូវបានតាមដាន​ដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២៤ ហើយមានបុគ្គលិកច្រើនជាង ១០ ០០០នាក់។ លោក ត្រាំ បានចេញបញ្ជាឱ្យ​ផ្អាកជាសកល នូវជំនួយបរទេសអាមេរិកស្ទើរតែទាំងអស់ ក្រោមគោលនយោបាយ America First របស់លោក៕



 

Powered by Blogger.