ត្រាំ ប្រកាសប្រើយុទ្ធសាស្រ្តដាក់សម្ពាធឡើងវិញលើអ៊ីរ៉ង់ ក្នុងគោលដៅធ្វើឱ្យការនាំចេញប្រេង ធ្លាក់ដល់កម្រិតសូន្យ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តារឡើងវិញ នូវយុទ្ធសាស្រ្តដាក់សម្ពាធសេដ្ឋកិច្ចជាអតិបរមា ប្រឆាំងទៅលើប្រទេសអ៊ីរ៉ង់ ក្នុងគោលដៅជំរុញឱ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់ ធ្លាក់ដល់កម្រិតសូន្យ ដើម្បីរារាំងកុំឱ្យប្រទេសនេះ មានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរ។
យោងតាមទិន្នន័យវាយតម្លៃ
នៃរដ្ឋបាលព័ត៌មានថាមពលរបស់អាមេរិក ការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់
បាននាំមកនូវប្រាក់ចំណូលចំនួន ៥៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ និង៥៤ពាន់លានដុល្លារ
កាលពីឆ្នាំ២០២២ ហើយបើតាមទិន្នន័យរបស់អង្គការ OPEC ការផលិតប្រេងរបស់អ៉ីរ៉ង់
កាលពីអំឡុងឆ្នាំ២០២៤ គឺមានកម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១៨មក។
លោក ត្រាំ
បានចុះហត្ថលេខាលើបទបញ្ជាមួយ ដាក់ចេញឡើងវិញ នូវគោលនយោបាយដ៏តឹងរ៉ឹង
របស់ទីក្រុងវ៉ាស៉ីនតោនលើអ៉ីរ៉ង់ ដែលធ្លាប់ត្រូវបានអនុវត្តកាលពីអំឡុងអាណត្តិទី១
របស់លោក (២០១៧-២០២១)។ ក្រោយចុះហត្ថលេខាលើបទបញ្ជានោះ លោក ត្រាំ បានអះអាងថា
រូបលោកបើកចំហចំពោះលទ្ធភាពស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
ហើយក៏មានឆន្ទៈជួបពិភាក្សា ជាមួយមេដឹកនាំអ៉ីរ៉ង់ផងដែរ។
លោក ត្រាំ
បានចោទប្រកាន់ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា
បរាជ័យក្នុងការអនុវត្តឱ្យតឹងរ៉ឹង នូវទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលលោក
ត្រាំ អះអាងថា បានបណ្តោយឱ្យអ៊ីរ៉ង់កាន់តែគន្លើន ដោយវាអនុញ្ញាតអ៊ីរ៉ង់អាចលក់ប្រេងយ៉ាងងាយស្រួល
ដើម្បីយកមកទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរ ហើយជួយបំពាក់សព្វាវុធ
ឱ្យក្រុមសកម្មប្រយុទ្ធ នៅមជ្ឈិមបូព៌ា ថែមទៀត៕
Post a Comment