ផ្លូវក្រាលក្រួសក្រហមមួយខ្សែ តភ្ជាប់ពីឃុំកាំងចាម ដល់ឃុំអូរៃ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទថែទាំជួសជុលឡើងវិញ
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដឹកជញ្ជូនកសិផលមកកាន់ទីផ្សារផងនោះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានធ្វើការជួសជុលឡើងវិញនូវផ្លូវមួយខ្សែដែលតភ្ជាប់ពីឃុំអូរៃមកឃុំកាំងចាម ក្នុងស្រុកថាឡាបរិវ៉ាត់ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវផងដែរ ។
លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ផ្លូវមួយខ្សែដែលកំពុងជួសជុលនាពេលនេះមានទទឹង៧ម៉ែត្រ និងប្រវែង២៧គីឡូម៉ែត្រ តភ្ជាប់រវាងឃុំពីរ គឺឃុំអូរៃ និងឃុំកាំងចាម ។ ហើយការជួសជុលផ្លូវនេះគឺបន្ទាប់ពីមានការចង្អុរបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ដែលតែងតែគិតគូពីសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋ ក្រោមការប្រឹងប្រែងរបស់ថ្នាក់នាំក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់ផងដែរ ។
លោក នុត លន ប្រជាពលរដ្ឋរស់នៅភូមិអូរៃ បានសម្តែងក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំងដែលថ្នាក់នាំខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ខណៈគ្រាកន្លងមកប្រជាពលរដ្ឋដឹកកសិផលមានការលំបាកខ្លាំង ។
លោកបន្តថា នៅពេលដែលឃើញមានការជួសជុលផ្លូវមួយខ្សែនេះឡើងវិញ ក្នុងនាមលោក និងក្នុងនាមប្រជាពលរដ្ឋក្នុងឃុំរបស់លោកពិតជាមានការត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ ៕






Post a Comment