UN ចោទអ៊ីស្រាអែលថាបំពានលើបទឈប់បាញ់ ខណៈហេសបូឡាថាកំពុងអស់ការអត់ធ្មត់
ប្រភព៖ AFP
បេរូត៖ កងកម្លាំងរក្សាសន្តិភាព UN នៅក្នុងប្រទេសលីបង់ បានចោទប្រកាន់អ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ ទី៤ ខែមករាថាបានបំពានធ្ងន់ធ្ងរលើដំណោះស្រាយកាលពីឆ្នាំ២០០៦ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលជាមូលដ្ឋាននៃបទឈប់បាញ់កាលពីខែវិច្ឆិកាកន្លងទៅជាមួយក្រុមហេសបូឡា។
ការចោទប្រកាន់របស់កងទ័ពមួកខៀវ UN ឬ UNIFIL កើតមានឡើង ខណៈមេដឹកនាំក្រុមហេសបូឡា លោក Naim
Qassem បានព្រមានថាហេសបូឡាអាចនឹងអស់ការអត់ធ្មត់
ចំពោះទង្វើបំពានរបស់អ៉ីស្រាអែល នៅមុនបទឈប់បាញ់មានរយៈពេល ៦០ថ្ងៃផុតកំណត់។
បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៉ីស្រាអែល និងហេសបូឡា បានចូលជាធរមានកាលពីថ្ងៃទី២៧
ខែវិច្ឆិកា ឆ្នាំមុន តែចាប់តាំងពីពេលនោះភាគីទាំងសងខាង
បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានលើបទឈប់បាញ់។ «ចេតនារបស់យោធាអ៉ីស្រាអែល
និងការផ្លិចបំផ្លាញដោយផ្ទាល់លើទ្រព្យសម្បត្តិរបស់ UNIFIL រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់កងកម្លាំងប្រដាប់
អាវុធលីបង់ គឺជាទង្វើរំលោភបំពានធ្ងន់ធ្ងរលើដំណោះស្រាយលេខ ១៧០១ និងច្បាប់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់ UNIFIL។
នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់
កងទ័ពលីបង់ត្រូវបានដាក់ពង្រាយជាមួយកងកម្លាំងរក្សាសន្តិភាព UN នៅតំបន់ភាគខាងត្បូងលីបង់ ខណៈកងទ័ពអ៉ីស្រាអែលនឹងត្រូវដកចេញបន្តិចម្ដងៗ
ក្នុងរយៈពេល៦០ថ្ងៃ។ ចំណែក ក្រុមហេសបូឡាវិញ
ត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងជើងនៃទន្លេ Litani ក្នុងចម្ងាយ
៣០គីឡូម៉ែត្រពីព្រំដែន ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធានៅសេសសល់
ក្នុងតំបន់ភាគខាងត្បូងនេះ៕
Post a Comment