ខេត្តមណ្ឌលគិរី ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥)
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។
ទិវាជ័យជំនះជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះជួយតាមបណ្តាក្រុង/ស្រុកទាំង០៥ ខេត្ត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការក្នុងខេត្ត អាជ្ញាធរក្រុង ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស យុវជន និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង១០០០នាក់ ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឡើងអានសុន្ទរកថា របស់សុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅជូនអង្គមីទ្ទិញគម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ឯកឧត្តម បញ្ជាក់ថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ខ្លួន។
ឯកឧត្តម ឈួន វិន មានប្រសាសន៍ថា ដើម្បីឱ្យកាន់តែមានការគាំទ្រពីមន្ត្រីនិងសកម្មជន ក៏ដូចជាប្រជាពលរដ្ឋខេត្តមណ្ឌលគិរីទាំងអស់ ត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញកិច្ចការងាររបស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្ត លះបង់គ្រប់ ពេលវេលាបម្រើប្រជាពលរដ្ឋដោយឥតរើសអើង។ ឯកឧត្តម បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួម សកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ ២០២៥នេះ។
លោក ទុំ សុខជា តំណាងឱ្យប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី មានជំនឿទុកចិត្តចំពោះការខិតខំប្រឹងប្រែងយ៉ាងពេញ ទំហឹងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារបន្ថែមទៀត៕
Post a Comment