ត្រាំ ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាលើកទី២
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី២០ ខែមករា ហើយនេះក៏ជាលើកទី២ ផងដែរ លោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ការសម្រេចចិត្តរបស់លោក ត្រាំ
បានធ្វើឱ្យសហរដ្ឋអាមេរិកចូលរួមជាមួយអ៊ីរ៉ង់ លីប៊ី និងយេម៉ែន ដែលសុទ្ធសឹងជាប្រទេសមិនចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។
កិច្ចព្រមព្រៀងនេះ មានគោលដៅរឹតត្បិតការកើនឡើងកម្ដៅផែនដីកុំឱ្យកើនឡើងលើស
១.៥អង្សាសេ។
អំឡុងអាណត្តិទី១ លោក ត្រាំ
ក៏ធ្លាប់បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផងដែរ តែលោក
ចូ បៃដិន បាននាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ ក្នុងឆ្នាំ២០២១
ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ក្នុងថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក
លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដក ទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងតាមពាក្យសន្យា
នៅចំពោះមុខអ្នកគាំទ្រនៅទីលាន Capital One Arena ក្នុងទីក្រុងវ៉ាស៊ីនតោន៕

Post a Comment