គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨% ហើយ
ភ្នំពេញ៖ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។
គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤(បំបែកស្រែអំបិល)ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨%ហើយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ៕
Post a Comment