អបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា, ថ្ងៃពលរដ្ឋកម្ពុជា រួចផុតពីរណ្តៅមរណៈ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកា​គណ​បក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់​ប្រជាជន​កម្ពុជា បានរួចជីវិតពី​រណ្តៅ​មរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំ​របស់​ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាន​ចាត់​ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់​ប្រជា​ជន​កម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុលពត បញ្ចប់​សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យ​ប្រជា​​ពល​រដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើង​វិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព​សង្គម។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសរដ្ឋដែលបាន​ធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការ​បង្ហាញ​ស្មារតីចងចាំ​ជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ​រណសិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល​បានធ្វើការលះបង់យ៉ាងធំធេង​ក្នុងការ​ប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋ​សម្តេច​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើននាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឱ្យ​កម្ពុជា​ធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្គ្រាម ជាបន្តបន្ទាប់ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនា​ខ្លោចផ្សា​ជា​ទីបំផុត។ ប្រជាជន ដែលនឿយ​ណាយ និងសង្គ្រាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញរបបសា​ធារ​ណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥៕

 


Powered by Blogger.