ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ លើរបៀបវារៈចំនួន៤
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម អភិបាលរងខេត្ត , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញរដ្ឋបាលខេត្តព្រមទាំង លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទ ។
កិច្ចប្រជុំមានរបៀបវារៈ៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។ ៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្ត ឆ្នាំ ២០២៥ និងទី៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ និងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានជំរុញដល់កងកម្លាំងសមត្ថកិច្ចគ្រប់បណ្ដាក្រុង-ស្រុក ជាពិសេសកងកម្លាំងនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ ត្រូវចាត់វិធានការក្តៅបំផុតក្នុងកិច្ចការងារបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ក្នុងខេត្តក្រចេះឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយគោរពនិងអនុវត្តតាមបទបញ្ជា ដ៏មើងម៉ា្មត់តឹងរឹង បំផុតរបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការងារបង្ក្រាបទប់ស្កាត់ក្មេងទំនើង ក្នុងករណីចាប់បានសូមចាត់វិធានការឲ្យបានតឹងរឹងបំផុត ដោយមិនមានការអន្តរាគមន៍ ឬបន្ធូរបន្ថយលើកលែងទោសឱ្យសោះ ពីព្រោះបញ្ហាក្មេងទំនើងវាបានជះផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិ និងគ្រួសារផងដែរ ។ ដូច្នេះបើកងកម្លាំងសម្ថកិច្ចមិនប្រើធម៍ក្តៅនោះទេបញ្ហាក្រុមក្មេងទំនើងនៅតែបន្តកើតមាន ហេីយវាជាហេតុបង្ករអោយមានភាពអសន្តិសុខ និងបង្ករភាពចលាចល ក្នុងមូលដ្ឋាន និងសង្គមផងដែរ ។
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថាក្នុងឆ្នាំ២០២៤ កន្លងមកនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង ស្រុក បានចុះបង្ក្រាបសកម្មភាពក្មេងទំនើងបានចំនួន៤៤លើក ជាលទ្ធផលឃាត់ខ្លួនក្មេងទំនើងបាន១៥៧នាក់ មានស្រី១នាក់ ដោយនោះពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងកែច្នៃកាំភ្លើងចំនួន២៤លើក ហេីយបន្តឃាត់ខ្លួនក្មេងទំនើងបាន៨០នាក់ក្នុងនោះស្រីម្នាក់ ដោយករណីបង្កអុកឡុកចំនួន១៣នាក់ ឃាត់ខ្លួនក្មេងទំនើង៤៣នាក់ ប្រុស និងពាក់ព័ន្ធសកម្មភាពបង្កងហិង្សាចំនួន៧ លើក ឃាត់ខ្លួនក្មេងទំនើងបាន៣៤នាក់។
ក្មេងទំនើងដែលពាក់ព័ន្ធ នឹងសកម្មភាពចរាចរណ៍អនាធិបតេយ្យ និងបង្កអុកឡុកត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយអនុញ្ញាតឲ្យអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញដើម្បីធ្វើការអប់រំបន្ត រីឯក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពបង្ករហិង្សាសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ដោយឡែកពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបបានចំនួន១៦៣លើក លើ១០៨ កើនចំនួន៥៥ លើកស្មើនឹង៥១% បើប្រៀបធៀបនិងឆ្នាំ២០២៣ ឃាត់ខ្លួនមនុស្សបានចំនួន២៨៩នាក់ ក្នុងនោះមានស្រីចំនួន២២នាក់។
ជាមួយគ្នានោះដែរ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ក៏បានលើកទឹកចិត្តនិងកោតសរសើរដល់គ្រប់បណ្ដាមន្ទីរអង្គភាព ចំណុះឲ្យខេត្ត ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារស្នូលរបស់ខ្លួនក្នុងឆ្នាំ ២០២៤កន្លងមកថ្មីៗនេះ ដោយទទួលបានលទ្ធផលល្អប្រសើរ និងជំរុញដល់គ្រប់បណ្ដា មន្ទីរ អង្គភាព គ្រប់វិស័យទាំងអស់ខិតខំបន្តយកចិត្តទុកដាក់ បំពេញការងារស្នូលរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរបន្ថែមទៀត៕
Post a Comment