រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ៧មករា

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សារីយ៍ខួបលើកទី៤៦ ស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៥ នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ពិធីនេះ ក៏មានការចូលរួមពីអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនអាហារូបករណ៍សម្តេចតេជោ យុវជនស្រឡាញ់សន្តិភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ១ ៨២៧នាក់ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម​ ម៉ាង ស៊ីណេត​អភិបាលខេត្តព្រះសីហនុបានថ្លែងថាថ្ងៃ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង ៣លាននាក់។ ក្នុងរបបដ៏ប្រល័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាមនិងគ្មានសិទ្ធិសេរីភាពទាំងអស់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ជារួម បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។ ស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ៕
















Powered by Blogger.