មន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី ប្រជុំបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី។ 

ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលទទួលខុសត្រូវខ្ពស់បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួល និងសម្រេចបាននូវសមិទ្ធផលជាច្រើននាឆ្នាំ២០២៤នេះ។ ឯកឧត្តម បន្តថា វិស័យកសិកម្មនៅតែជាវិស័យស្នួល និងដើរតួនាទីសំខាន់ក្នុងការបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព និងជម្រុញសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានកម្មវិធីចំនួន០៣ គឺ ទី១.ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ ទី២. ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ និងទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យមួយដ៏ចម្បងសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា៨០.៥% កំពុងប្រកបរបរកសិកម្ម ។ វិស័យកសិកម្ម នៅក្នុងខេត្តមណ្ឌលគិរី គឺត្រូវបានយកចិត្តទុកដាក់ខ្ពស់ ព្រោះថាប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្ត គឺពឹងផ្អែកទាំងស្រុង ទៅលើវិស័យកសិកម្មនេះ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ឡើងថែមទៀត ។

យោងតាមរបាយការណ៍របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការងារបង្កបង្កើនផលលើដំណាំស្រូវរដូវវស្សា អនុវត្តបានសរុបចំនួន ៣៣ ៣១២ហិកតា ស្មើនឹង ១១០,២៧% នៃផែនការឆ្នាំ កើនលើសឆ្នាំមុន ៦៥៤ ហិកតា ទិន្នផលមធ្យម ៣ ៣៨០ តោន/ហិកតា។ ដំណាំសាកវប្បកម្មអនុវត្តបានសរុបចំនួន ២ ៤១២ ហិកតា។ ចំណែក ផ្ទៃដីដាំដុះដំណាំកៅស៊ូសរុបអនុវត្តបានចំនួន ៤៣ ១៩១ហិកតា ក្នុងនោះដំណាំកៅស៊ូគ្រួសារអនុវត្តបានសរុបចំនួន ១១ ៩៥៩ហិកតា ស្មើនឹង ១ ៦៨៧គ្រួសារ និងកៅស៊ូក្រុមហ៊ុនអនុវត្តបានសរុប ៣១ ២៣២ហិកតា (ខូចខាតចំនួន ១២ ២៦៩,៦០ ហិកតា)។ ផ្ទៃដីធ្វើអាជីវកម្មកៅស៊ូសរុបអនុវត្តបានចំនួន ២២ ៧៨៦ហិកតា ទទួលបានបរិមាណផលសរុប ១២ ៦៦៦តោន ៕





















Powered by Blogger.