សម្ដេចធិបតី៖ ៧មករា គឺជាថ្ងៃនៃការចងចាំមហាវីរភាពបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើថា ៧មករា គឺជាថ្ងៃនៃការចងចាំមហាវីរភាពដឹងគុណការតស៊ូរបស់​យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន។

តាមរយៈសារអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ​ទាំងអស់គ្នា សម្ដេចធិបតីបានបង្ហាញនូវការ ចងចាំនូវវីរភាព​ដ៏​អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាក​បំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ​ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

សម្ដេចធិបតីមានប្រសាសន៍ថា៖«៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់​យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់​កម្ពុជា​បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា ​មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជា​ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស​ជាទីមនោរម្យសម្រាប់​មនុស្សផងគ្នា»

សូមជម្រាបថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះជាថ្ងៃខួបលើកទី៤៦ នៃទិវាជ័យជម្នះ​លើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ដែលប្រជាជនកម្ពុជាទូទាំងប្រទេស និងក្រៅប្រទេសនាំគ្នាប្រារព្ធពិធីរម្លឹកខួបនិងអបអរសាទរយ៉ាងខ្ញៀវខ្ញា ចំពោះទិវាប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបានរបស់កម្ពុជា។

ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិរបស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ ២ ធ្នូ ១៩៧៨៕




Powered by Blogger.