១១ខែឆ្នាំនេះ កម្ពុជានាំចេញគិតជាទឹកប្រាក់ជិត ២៤ពាន់លានដុល្លារ កើន១៦.៨%

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨% ខណៈការនាំចូលមានជិត ២៦ពាន់លានដុល្លារ កើនឡើង១៧.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

ចំណែកប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។

ទីផ្សារសហរដ្ឋអាមេរិក នៅតែជាទីផ្សារសំខាន់របស់កម្ពុជា និងផ្ដល់តម្លៃខ្ពស់ ពីព្រោះរយៈពេល១០ខែ ឆ្នាំ២០២៤ នេះ ការនាំចេញទៅកាន់ទីផ្សារអាមេរិក មានទំហំច្រើនជាង ៨ពាន់លានដុល្លារអាមេរិក ទំហំធំនេះអាស្រ័យលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលជាច្រើនផ្សេងទៀត៕






Powered by Blogger.