អ្នកកាសែត ១០៤នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ជាងពាក់កណ្តាល គឺនៅតំបន់ហ្កាហ្សា

 ប្រភព៖ AFP

ព្រុចសែល៖ សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ បាននិយាយនៅថ្ងៃអង្គារ ទី១០ ខែធ្នូ ថា ក្នុងឆ្នាំ២០២៤នេះ មានអ្នកកាសែត​សរុប១០៤នាក់ត្រូវបានសម្លាប់នៅជុំវិញពិភពលោក ក្នុងចំណោមនោះ ជាងពាក់កណ្តាល គឺនៅតំបន់ហ្កាហ្សា។

IFJ បានប្រាប់ថា តួលេខឆ្នាំ២០២៤នេះ គឺថយចុះពីតួលេខឆ្នាំ២០២៣ ដែលមានអ្នកកាសែតស្លាប់ ១២៩នាក់ ប៉ុន្តែវានៅតែជាឆ្នាំ​ដ៏អាក្រក់បំផុតមួយ ក្នុងកំណត់ត្រា។ ក្នុងចំណោមនោះ អ្នកកាសែតប៉ាឡេស្ទីន៥៥នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ចំពោះមុខ​សង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា។ យោងតាម IFJ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សរុប​មានអ្នកកាសែតប៉ាឡេស្ទីន យ៉ាងហោច១៣៨នាក់ ត្រូវបានសម្លាប់។

របាយការណ៍របស់ IFJ បានបន្តថា បន្ទាប់ពីមជ្ឈិមបូព៌ា ទ្វីបអាស៊ី គឺជាកន្លែងដែលមានអ្នកកាសែត ត្រូវបានសម្លាប់ច្រើនជាងគេទី២ ក្នុងឆ្នាំនេះ គឺចំនួន​២០នាក់ ក្នុងនោះរាប់បញ្ចូលទាំង ៦នាក់ នៅប៉ាគីស្ថាន ៥នាក់នៅបង់ក្លាដែស និង៣នាក់ នៅឥណ្ឌា។ រីឯនៅអឺរ៉ុប សង្រ្គាមអ៊ុយក្រែន បានបន្តសម្លាប់អ្នកកាសែត៤នាក់ទៀត ក្នុងឆ្នាំនេះ៕



Powered by Blogger.