កម្ពុជាអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅក្នុងវេទិកាបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍
អត្ថបទ៖ ក្រសួងព័ត៌មាន
ខេត្តយូណាន
ប្រទេសចិន៖ ថ្លែងក្នុងសុន្ទរកថានៅវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង
និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឯកឧត្ដម នេត្រ ភក្ត្រា
បានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចងសាមគ្គីភាពតំបន់
និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ឯកឧត្ដមបានលើកឡើងពីសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជាប់វប្បធម៌
ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល
នៅចំពោះមុនថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មានពីបណ្តាលប្រទេសអាស៊ីខាងត្បូង
និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។
ឆ្លៀតក្នុងឱកាសនេះ
ឯកឧត្ដមក៏បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យប្រព័ន្ធផ្សព្វផ្សាយជាមួយបណ្តាអាស៊ាន
និងប្រព័ន្ធផ្សព្វផ្សាយចិន។ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ
កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន
នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង"
នេះជាការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្តី។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ
បានជំរុញឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់
ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។
ការបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង
និងអាស៊ីអាគ្នេយ៍
កាលពីដើមឆ្នាំនេះគឺជាការវិវត្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយតំបន់។
ឯកឧត្ដមបានក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់
លើការរៀបចំវេទិកានេះដើម្បីនាំយកនូវអ្នកជំនាញដែលមានបទពិសោធមកជជែកពិភាក្សា
និងបង្កើតកិច្ចសហការជាមួយគ្នាក្នុងចំណោមប្រទេសជាសមាជិក
ដោយបានលើកយកឧទាហរណ៍អំពីគម្រោងរួមគ្នា មានដូចជា “ទេសចរណ៍យូណាន-អង្គរ ឬ Yunnan-Angkor Tours”
ជាដើម។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្តី នេត្រ ភក្ត្រា
ក៏បានលើកឡើងជាអនុសាសន៍ចំនួន៤ ជូនដល់អ្នកចូលរួម
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៖
១.
ពង្រឹងវេទិកាចែករំលែកព័ត៌មាន
និងរួមចំណែកក្នុងគម្រោងសហការដើម្បីបង្ហាញអំពីវប្បធម៌ចម្រុះ
និងការអភិវឌ្ឍក្នុងតំបន់។ ២. ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផលិតរួមគ្នា
និងដោះស្រាយហានិភ័យដែលអាចបង្កឡើងដោយបច្ចេកវិទ្យាថ្មីៗ។ ៣.
បង្កើតកម្មវិធីបណ្តុះបណ្តាល និងការកសាងសមត្ថភាពក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។
៤. បង្កើនការចូលរួមក្នុងកិច្ចសន្ទនាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ
ដើម្បីពង្រីកវត្តមានរបស់បណ្តាញនេះនៅលើកម្រិតសកល។
បន្ថែមលើនេះ
ឯកឧត្ដមរដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់ស្ថាប័នរបស់ខ្លួន
ដើម្បីផ្សព្វផ្សាយសារវិជ្ជមាន និងជំរុញការលើកស្ទួយផ្នែកវប្បធម៌
និងចែករំលែកអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
វេទិកានេះបានសង្កត់ធ្ងន់លើតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកំណត់អនាគតតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាដៃគូដ៏សកម្មដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៕






Post a Comment