ក្រសួងមហាផ្ទៃ ៖ ផុតថ្ងៃ១០ ធ្នូ នេះ ការផ្សាយល្បែងស៊ីសងខុសច្បាប់ នឹងចូលបន្ទាត់ក្រហម ដោយត្រូវបង្ក្រាបគ្មានការលើកលែង
ភ្នំពេញ ៖ ឱសានវាទ ៧ថ្ងៃ កំណត់ជាកំហិតដោយ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤នេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោកបណ្ឌិត ទូច សុឃៈ បានរម្លឹកជាថ្មីថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ស្អែកនេះ តទៅ
អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ
និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។
លោកបណ្ឌិត ទូច
សុឃៈ បានបញ្ជាក់ទៀតថា មុនឈានដល់ថ្ងៃឱសានវាទចុងក្រោយនេះ ប្រមុខក្រសួងមហាផ្ទៃ
បានចេញសារាចរណែនាំ ៥ចំណុច ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
បន្ទាប់ពីក្រសួងបានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម
និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា
ល្បែងស៊ីសងខុសច្បាប់
ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងនោះដើម្បីអូសទាញប្រជាពលរដ្ឋឱ្យលេងល្បែង
ទាំងលេងផ្ទាល់ និងតាមអនឡាញ ហើយក្រសួងក៏សម្គាល់ឃើញបុគ្គលមានប្រជាប្រិយភាព
និងអ្នកផលិតមាតិកាសង្គមចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយផងដែរ។
វិធានការ ៥ចំណុច
រួមមាន ទី១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា
ដែលមានខ្លឹមសារពាក់ព័ន្ធនឹង
ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី
ឬតាមប្រព័ន្ធអនឡាញក្តី។ ទី២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី
ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព
និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង
ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ទី៣.
ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព
និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ទី៤.
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន
និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព
និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ និងទី៥.
រដ្ឋបាលថ្នាក់ក្រោមជាតិ
ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់
នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង
ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”
របស់ រាជរដ្ឋាភិបាល។
នៅមួយថ្ងៃក្រោយចុះហត្ថលេខា
ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ
និងតម្រង់ទិសការងារ
ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ
ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសារាចរណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត
បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ
រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ
ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត
និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
សូមបញ្ជាក់ថា
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់
និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន
គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ សម្ដេច ប្រមុខរាជរដ្ឋាភិបាល បានរម្លឹកជាថ្មីទៀត
ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ
បន្តយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ដែលក្នុងនោះក៏បានកំណត់អំពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផងដែរ៕



Post a Comment