ហ្សេលេនស្គី ស្នើមធ្យោបាយការទូតសម្រាប់ដំណោះស្រាយបញ្ចប់សង្រ្គាម

 ប្រភព៖ Reuters

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឡើងពីមធ្យោបាយការទូត សម្រាប់ដោះសា្រយសង្គ្រាមជាមួយរុស្ស៉ី និងគោលគំនិតចង់ឱ្យកងទ័ពបរទេស ត្រូវបានដាក់ពង្រាយក្នុងប្រទេសរបស់លោក រហូតដល់អ៊ុយក្រែនអាចក្លាយជាសមាជិកអង្គការណាតូ។

ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Friedrich Merz ដែលជាមេដឹកនាំគណបក្សប្រឆាំង នៅអាល្លឺម៉ង់។ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «អ៊ុយក្រែន​ ចង់ឱ្យសង្រ្គាមនេះឆាប់ចប់ ជាងនរណាៗទាំងអស់។ មិនបាច់សង្ស័យទេ ដំណោះស្រាយការទូតមួយ នឹងអាចសង្រ្គោះមនុស្សបានច្រើនថែមទៀត។ យើងកំពុងស្វែងរកដំណោះសា្រយនោះ»

តាមអ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន​ លោក Serhiy Nikiforov ទីក្រុងកៀវ បាននិងកំពុងរៀបចំជំនួបខែធ្នូ ជាមួយបណ្តាដៃគូអឺរ៉ុបសំខាន់ៗ ដែលធ្លាប់រួមដៃជាមួយសហរដ្ឋអាមេរិក ជួយអ៊ុយក្រែនការពារប្រទេសកន្លងមក។ លោកថាគោលបំណងនៃជំនួប គឺដើម្បីអភិវឌ្ឍតួនាទីរួមគ្នាទាំងនៅក្នុងកិច្ចចរចា ក៏ដូចជានៅសមរភូមិប្រយុទ្ធ។

សូមជម្រាបថា នៅឯប្រទេសបារាំង ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៊ុយក្រែន និងរុស្ស៉ី ដាក់លក្ខខណ្ឌរៀងៗខ្លួន ហើយចាប់ផ្តើមកិច្ចសន្ទនា។ ប៉ុន្តែ លោក ហ្សេលេនស្គី និយាយថាលោក បានប្រាប់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោក ត្រាំ ថាលោកមិនជឿឡើយថា លោក ពូទីន ពិតជាចង់បញ្ចប់សង្រ្គាម ហើយថាមានតែការដាក់ពង្រាយកងកម្លាំង មកជួយអ៊ុយក្រែននៅសមរភូមិប៉ុណ្ណោះ ទើបអាចបង្ខំឱ្យរុស្ស៉ីបង្កើតសន្តិភាព៕



 

Powered by Blogger.