រដ្ឋបាលក្រុងបូកគោចេញលិខិតបដិសេធ ចំពោះការចុះផ្សាយរបស់ "ភ្នំពេញដេលី" ករណីលោក សេង បិ និងលោក រិន វីរះ ដោយចាត់ទុកថា ជាព័ត៌មានមិនផ្លូវការ មិនមានចេញលិខិតសម្រេចប្រកាស

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាន "ភ្នំពេញដេលី" Phnom Penh Daily បានចេញផ្សាយដោយធ្វើការដកស្រង់ប្រភពពថា មានការស្នើសុំតែងតាំងលោក សេង បិ អតីតនាយករដ្ឋបាលសាលាក្រុងបូងគោ ជាអភិបាលរងក្រុងបូកគោ និងលោក រិន វីរ: មន្ត្រីបម្រើការងារនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ជានាយករដ្ឋបាលក្រុងបូកគោ។

ពាក់ព័ន្ធប្រភពខាងលើនេះដែរ អង្គភាពសារព័ត៌មាន "ភ្នំពេញដេលី" Phnom Penh Daily បានព្យាយាមភ្ជាប់ទំនាក់ទំនងទៅអភិបាលក្រុងបូកគោ គឺលោកស្រី ងិន ផលរ័ត្ន ចំនួន ២ដងនៅវេលាម៉ោង ១១៖៩នាទី នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីសុំការពន្យល់ ឬបំភ្លឺ ដោយលើកទី១ ទទួលទូរស័ព្ទរួចក៏បិទទៅវិញ និងលើកទី២ មិនទទួលទូរស័ព្ទ។

ដោយឡែកអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តកំពត លោក អុឹង ឆាយ បានបញ្ជាក់ប្រាប់ដល់អង្គភាពសារព័ត៌ "ភ្នំពេញដេលី" Phnom Penh Daily តាមទូរស័ព្ទនៅវេលាម៉ោង ១១៖១៤នាទី នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ចំពោះព័ត៌មានហ្នឹង លោកមិនទាន់បានដឹងទេ មិនទាន់មានផ្លូវការទេ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

ទោះយ៉ាងណាប្រភពនេះ អង្គភាពសារព័ត៌មាន "ភ្នំពេញដេលី" Phnom Penh Daily ក៏បានបញ្ជាក់ផងដែរថា មិនទាន់ចាត់ទុកជាព័ត៌មានផ្លូវការទាំងស្រុងមួយរយភាគរយនៅឡើយទេ គ្រាន់តែធ្វើជាព្រាបនាំសារប៉ុណ្ណោះ ព្រោះអ្វីៗស្ថិតទៅលើថ្នាក់ដឹកនាំ គឺជាអ្នកសម្រេច។

បន្ទាប់ពីចុះផ្សាយដូចរៀបរាប់ខាងលើ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលក្រុងបូកគោ ក៏បានចេញលិខិតធ្វើការបដិសេធ ដោយចាត់ទុកថា ជាព័ត៌មានមិនផ្លូវការ មិនមានចេញលិខិតសម្រេចប្រកាស ជាផ្លូវការដោយថ្នាក់ដឹកនាំ។ ប្រសិនបើអង្គភាពព័ត៌មានជាអង្គភាពស្របច្បាប់ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាអ្នកសារព័ត៌មាន មិនត្រូវយកព័ត៌មានមិនផ្លូវការ និងយកលិខិតរបស់រដ្ឋបាលក្រុងដោយគ្មានការអនុញ្ញាតមកចុះផ្សាយនោះឡើយ ហើយការបង្ហោះព័ត៌មាននេះ មានចេតនាចង់បង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង។

ទន្ទឹមនេះ រដ្ឋបាលក្រុងស្នើឲ្យអង្គភាពសារព័ត៌មាន "ភ្នំពេញដេលី" Phnom Penh Daily លុបចោលព័ត៌មានដែលបានចុះផ្សាយមិនផ្លូវការ និងរាល់លិខិតរដ្ឋបាលក្រុងដោយគ្មានការអនុញ្ញាតនោះជាបន្ទាន់ ហើយសុំឲ្យអង្គភាពត្រូវចុះផ្សាយព័ត៌មានណាដែលស្របច្បាប់ និងផ្លូវការប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: សេចក្តីថ្លៃថ្នូរ និងស្របច្បាប់ឲ្យស័ក្តិសមជាអ្នកសារព័ត៌មានស្របច្បាប់ ប្រកបដោយគុណតម្លៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ដើម្បីជាការឆ្លើយតបលិខិតបដិសេធ ក៏ដូចជាការស្នើរបស់រដ្ឋបាលក្រុងបូលគោឲ្យអង្គភាពសារព័ត៌មាន "ភ្នំពេញដេលី" Phnom Penh Daily លប់ចោលព័ត៌មានដែលបានចុះផ្សាយ និងលិខិតរបស់រដ្ធបាលក្រុង និងដើម្បីគោរពនូវក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ឬមានការយល់ច្រឡំប្រភពមិនច្បាស់ការណាមួយ ដូច្នេះអង្គភាពសារព័ត៌មាន "ភ្នំពេញដេលី" Phnom Penh Daily សម្រេចធ្វើការលប់ចោលទាំងស្រុងនូវព័ត៌មានដែលបានចុះផ្សាយ រួមនិងឯកសារទាំងអស់ជាស្ថាពរ។

សូមជម្រាបថា រាល់ការផ្សាយរបស់អង្គភាពសារព័ត៌មាន"ភ្នំពេញដេលី"Phnom Penh Daily តែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ហើយរាល់ការរិះគន់ គឺក្នុងន័យស្ថាបនា៕






Powered by Blogger.