ឯកឧត្តម ប្រាក់ សុខុន​ ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ​ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសឯកឧត្តម សុខ ចិន្តាសោភា។ រដ្ឋសភា បោះឆ្នោតគាំទ្រក្រោមសំឡេង១១២/១១២សំឡេង បានបោះឆ្នោតឯកភាពទាំងស្រុងលើការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងការតែងតាំងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។

ឯកឧត្តម សុខ ចិន្តាសោភា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសនេះ នៅរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ១៤ខែប៉ុណ្ណោះ។

ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ​ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាចូលរួមសរុប១១២រូប។ កិច្ចប្រជុំពេញអង្គនេះមានរបៀបវារៈចំនួន៤រួមមាន៖

១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។

២៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។

៣៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕





 

 


Powered by Blogger.