អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានកោះហៅមកស៊ើបអង្កេតពាក់ព័ន្ធការគំរាមកំហែងសម្លាប់ប្រធានាធិបតី
ប្រភព៖ Reuters
ម៉ានីល៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte នៅថ្ងៃអង្គារត្រូវបានកោះហៅ ដោយការិយាល័យស៊ើបអង្កេតជាតិ (NBI) ជុំវិញការគំរាមកំហែងសម្លាប់ប្រធានាធិបតី Ferdinand Marcos Jr. បន្ទាប់ពីលោកស្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសៅរ៍ថា លោកស្រីបានជួលឃាតកម្នាក់ ដើម្បីសម្លាប់លោក Marcos ប្រសិនបើលោកស្រីត្រូវបានគេសម្លាប់។
ការកោះហៅនេះ កើតឡើងបន្ទាប់ពីមានការស៊ើបអង្កេត លើអតីតប្រធានាធិបតី
Rodrigo
Duterte ដែលជាឪពុករបស់លោកស្រី Sara Duterte ជុំវិញការសម្លាប់មនុស្សរាប់ពាន់នាក់
ក្នុងអំឡុងពេល «សង្គ្រាមប្រឆាំងគ្រឿងញៀន»។ លោកស្រី Duterte ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេត
ពីបទប្រើប្រាស់ថវិកាសាធារណៈខុសច្បាប់ផងដែរ។
ការកោះហៅពីការិយាល័យស៊ើបអង្កេតជាតិ (NBI) នេះ គឺតម្រូវឱ្យលោកស្រីបង្ហាញខ្លួននៅការិយាល័យរបស់ខ្លួន នៅថ្ងៃទី២៩
ខែវិច្ឆិកា ហើយលោកស្រីនឹងត្រូវបានសាកសួរជុំវិញការចោទប្រកាន់ពីបទគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ
និងការបំពានដែលអាចកើតមាននៃច្បាប់ប្រឆាំងភេរវកម្ម។
ការគំរាមកំហែងនេះបានបង្កជម្លោះកាន់តែខ្លាំងឡើង
រវាងលោកស្រី និងលោក Marcos ដែលធ្លាប់ជាសម្ព័ន្ធមិត្តនយោបាយ។
លោក Marcos បានប្តេជ្ញាចាត់វិធានការ
ប្រឆាំងនឹងការគំរាមកំហែងនេះ។
ទោះជាយ៉ាងណា លោកស្រី Duterte បានចោទប្រកាន់រដ្ឋបាលថា
បានបំភ្លៃពាក្យសម្តីរបស់លោកស្រី និងបានបង្កើត «ការនិទានរឿងមិនពិត»។ លោកស្រីបានអះអាងថា
ការលើកឡើងរបស់លោកស្រី គឺជា «សកម្មភាពសងសឹកតាមលក្ខខណ្ឌ» ដែលមិនមែនជាការគំរាមកំហែង៕

Post a Comment