សហរដ្ឋអាមេរិក ប្រកាសដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 និងនាវាចម្បាំងបន្ថែម ទៅមជ្ឈិមបូព៌ា​

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ប្រកាសថាខ្លួននឹងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងនាវាពិឃាដបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាសារព្រមានទៅកាន់អ៊ីរ៉ង់ ខណៈកងនាវាដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln នឹងត្រូវចាកចេញ ពីតំបន់។

ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានព្រមានថានឹងសងសឹកអ៊ីស្រាអែលវិញ ហើយព្រមពេលជាមួយគ្នា ប្រព័ន្ធ ផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាអ៊ីរ៉ង់មានផែនការវាយប្រហារលើអ៊ីស្រាអែល ចេញពីទឹកដីអ៊ីរ៉ាក់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder ក៏បានគូសបញ្ជាក់ដែរថា «ប្រសិនបើអ៊ីរ៉ង់ ដៃគូ ឬក្រុម proxies របស់ពួកគេឆ្លៀតឱកាសវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងប្រើប្រាស់គ្រប់វិធានការ ចំាបាច់ទាំងអស់ ដើម្បីការពារមនុស្សរបស់យើង»។ លោក Ryder បន្ថែមថាកងកម្លាំងថ្មីនឹងចាប់ផ្ដើមទៅដល់តំបន់មជ្ឈិមបូព៌ា នៅប៉ុន្មានខែខាងមុខនេះ។

សូមរម្លឹកថា អ៊ីស្រាអែល កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ បានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានយោធានៅលើទឹកដីអ៊ីរ៉ង់ ជាការសងសឹកទៅនឹងអ៊ីរ៉ង់ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគលើអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា៕



 

Powered by Blogger.