សិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ នៃក្រសួងស្ថាប័ន និងសមាជិក សមាជិការ នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង អ្នកឧកញ៉ា ឧកញ៉ា និងជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា សិក្ខាសាលានេះអាចប្រព្រឹត្តទៅបាន គឺដោយសារទទួលបានការអនុញ្ញាត និងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍ណែនាំដល់ គ.ល.គ.យ.អ. ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០នេះ។
ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ហើយជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននឹងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលបានកំណត់ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យ ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០៕
Post a Comment