ថ្នាក់ដឹកនាំ និងមន្ត្រីសាលាក្រុងបាវិត អញ្ជើញរាប់បាត្រ នៅវត្តពោធិ៍រង្សី នៅសង្កាត់ប្រាសាត ក្រុងបាវិត ក្នុងវេនកាន់បិណ្ឌទី១

អត្ថបទ៖ ភក្តី

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤នេះថ្នាក់ដឹកនាំសាលាក្រុងបាវិតដឹកនាំដោយលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងរួមនិងអស់លោក លោកស្រីជាអភិបាលរងក្រុង.មន្ត្រីសាលាក្រុងជាច្រើនរូបទៀតព្រមទាំងពុទ្ធបរិសទ្ទជិតឆ្ងាយបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តពោធិ៍រង្សីហៅវត្តតានយ ស្ថិត ក្នុងសង្កាត់ប្រាសាតក្រុងបាវិតខេត្តស្វាយរៀង។ 

ក្នុងពិធីកាន់បិណ្ឌវេនទី១ នេះ លោក លឹម សៀងហេង ព្រមទាំងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យចំនួន៨៤០.០០០រៀលនិង៣២០ដុល្លាសំរាប់វេប្រគេនដល់ព្រះសង្ឃនិងបច្ច័យចំនួន៣.០០០.០០០រៀល(បីលានរៀល)ទៀត ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិ៍រង្សី ទុកកសាងសមិទ្ធផលនានាក្នុងវត្ត វេរទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បី បង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧ សន្តាន ដែលចែកឋានទៅបរលោកខាងមុខ មកទទួលយកនូវអានិសង្ឃដែលបានឧទ្ទិសជូននៅក្នុងវេនកាន់បិណ្ឌទី១នេះ។ 

សូមបញ្ជាក់ផងដែរថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ 

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។ 

* ប្រវត្តិបុណ្យភ្ជុំបិណ្ឌ 

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ៕












Powered by Blogger.