ឯកឧត្តម ប៉េង ពោធិ៍នា វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកអគ្គរាជទូតថៃ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Cherdkiat Atthakor ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងផងដែរ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការគាំទ្រការងារសហប្រតិបត្តការវិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាប្រទេសកម្ពុជា និងប្រទេសថៃ នឹងបន្តសហប្រតិបត្តិការបន្ថែមទៀត ក្នុងនាមជាប្រទេសជិតខាងគ្នា។
លោកឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ជាពិសេសបានកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានដឹកនាំប្រទេសបានយ៉ាងល្អប្រសើរ៕
Post a Comment