ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើវិនិយោគិនអាមេរិក លើកឡើងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីរកដំណោះស្រាយ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់វិនិយោគិនរបស់អាមេរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួន ដើម្បីធានាស្វែងរកដំណោះស្រាយសមស្របពីរាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល
នាឱកាសអញ្ជើញដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-អាម៉េរិក លើកទី១ រួមជាមួយលោកស្រី
Bridgette
L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី១៩
ខែកញ្ញា ឆ្នាំ២០២៤។
កិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-អាមេរិក
លើកទី១ នេះបានក្លាយជារបៀបវារៈថ្មី នៃកិច្ចសន្ទនាផ្លូវការ ដើម្បីស្ដាប់
និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាមេរិក អនុវត្តក្រោមស្មារតីសហការ
និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី
សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាមេរិក។
យន្តការថែទាំវិនិយោគដែលរៀបចំឡើង នាឱកាសនេះ
បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ
រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈ
បង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជន ទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស
ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា
អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវឱ្យវិស័យឯកជនរបស់សហរដ្ឋអាមេរិក
តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក
លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួន
ដើម្បីធានាស្វែងរកដំណោះស្រាយសមស្រមពីរាជរដ្ឋាភិបាលកម្ពុជា
ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការរៀបចំកិច្ចសន្ទនា
នាឱកាសនេះ គឺស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងធ្វើពិពិធកម្មប្រភពវិនិយោគ
ពិសេសពីសហរដ្ឋអាមេរិកបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថា
នឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាមេរិក
ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិកប្រមាណ ២សប្ដាហ៍
របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។
នាឱកាសនោះដែរ លោកស្រីភារធារី បានលើកឡើងថា
អាមេរិក នឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម
និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌការវិនិយោគ សហរដ្ឋអាមេរិក
បានមើលឃើញអំពីការចូលរួមរបស់ក្រុមហ៊ុនឯកជនអាមេរិក
ដែលបានវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីជឿជាក់ថា
វត្តមាននិងប្រតិបត្តិការក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន
នឹងចូលរួមបានកាន់តែប្រសើរក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រីភារធារី
បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន
និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះ៕
Post a Comment