អ៊ីរ៉ង់ ប្រាប់មេដឹកនាំហេសបូឡាថា អ៊ីស្រាអែលនឹងត្រូវប្រឈមមុខនឹងការសងសឹកយ៉ាងចាស់ដៃ
ប្រភព៖ Reuters
ឌូបៃ៖ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានប្រាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ថាអ៊ីស្រាអែលនឹងត្រូវប្រឈមមុខនឹងការសងសឹកយ៉ាងចាស់ដៃ ពីសម្ព័ន្ធចលនាប្រដាប់អាវុធ ឬ axis of resistance បន្ទាប់ពីការវាយប្រហារលើឧបករណ៍ទំនាក់ទំនងរបស់ ក្រុមហេសបូឡា នៅទូទាំងប្រទេសលីបង់។
នៅក្នុងសារមួយផ្ញើទៅកាន់លោក Hassan
Nasrallah លោក Hossein Salami បានចាត់
ចាត់ទុកការវាយប្រហារលើឧបករណ៍ទំនាក់ទំនងរបស់ក្រុមហេសបូឡាជាទង្វើភេរវកម្ម
ដែលនឹងត្រូវប្រឈមមុខនឹងការសងសឹកវិញយ៉ាងចាស់ដៃពីសម្ព័ន្ធ axis of resistance។
ក្រុមហេសបូឡា
បានចោទប្រកាន់ថាអ៊ីស្រាអែលជាអ្នកនៅពីក្រោយ
ការបំផ្ទុះឧបករណ៍ទំនាក់ទំនងរបស់ខ្លួននៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ
និងថ្ងៃពុធ កន្លងទៅនេះ ដោយសម្លាប់មនុស្ស ៣៧នាក់ និងរបួសជាង ៣០០០នាក់ ក្នុងការវាយប្រហារ២ថ្ងៃជាប់ៗគ្នានេះ។
សូមជម្រាបថា សម្ព័ន្ធ axis
of resistance គឺជាសម្ព័ន្ធចលនាប្រដាប់អាវុធមួយដឹកនាំដោយអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា
ហើយក្នុងបក្សសម្ព័ន្ធនេះមានសមាជិកដូចជាក្រុមហេសបូឡាលីបង់ ក្រុមហ៊ូទី នៅយេម៉ែន
និងកងកម្លាំង Popular Mobilisation Forces នៅក្នុងប្រទេសអ៊ីរ៉ាក់៕
Post a Comment