ស្នងការនគរបាលខេត្តកំពតផ្ញើសារជូនអ្នកប្រើប្រាស់គ្រឿងញៀនឲ្យដកខ្លួនឆ្ងាយពីគ្រឿងញៀន

អត្ថបទ ៖ ទ្រី ហៀន

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចាន់មធុរិទ្ធិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានផ្ញើសារជូនអ្នកប្រើប្រាស់គ្រឿងញៀន ឲ្យដកខ្លួនឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ជាពិសេសគឺក្នុងគ្រួសារ និងអនាគតតែម្តង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក Facebook លោកឧត្តមសេនីយ៍ទោ ម៉ៅ ចាន់មធុរិទ្ធិ បានសរសេរថា៖« សារជូនប្អូនៗដែលប្រើប្រាស់គ្រឿងញៀន នៅពេលនេះគឺមិនទាន់ហួសពេលសម្រាប់ធ្វើការដកខ្លួនចេញឲ្យឆ្ងាយពីគ្រឿងញៀននោះទេ! ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ជាពិសេសគឺក្នុងគ្រួសារ និងអនាគតរបស់ប្អូនៗតែម្តង»។

លោកស្នងការបានសរសេររៀបរាប់ទៀតថា «យើងអាចជ្រើសរើសការសប្បាយបានច្រើនយ៉ាង ដោយពុំបាច់សប្បាយការប្រើប្រាស់គ្រឿងញៀននោះទេ គ្មាននរណាម្នាក់រីកចម្រើន ឬជោគជ័យក្នុងជីវិត ដោយសារការប្រើប្រាស់គ្រឿងញៀននោះឡើយ ដកខ្លួននៅពេលនេះ គឺមិនទាន់ហួសពេលទេ សូមគិត និងពិចារណាដោយខ្លួនឯង បំណងល្អចំពោះប្អូនៗទាំងអស់គ្នា»។

សូមជម្រាបថា តាមរយៈសារខាងលើនេះពិតជាមានអត្ថន័យជ្រាលជ្រៅ ដែលជាការណែនាំទៅដល់យុវជនកំពុងប្រើប្រាស់គ្រឿងញៀន បានយល់ដឹងអំពីផលប៉ះពាល់ និងផលលំបាកការប្រើប្រាស់គ្រឿង បំផ្លាញទាំងសុខភាព និងអនាគត ដែលសារដ៏មានអត្ថន័យនេះទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីមហាជនអ្នកលេងបណ្តាញសង្គម Facebook ៕









Powered by Blogger.