ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា កើនដល់២៦៨នាក់ និងបន្តបាត់ខ្លួន៨៨នាក់
ប្រភព៖ AFP
ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា តួលេខអ្នកដែលបានបាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះ Yagi នៅក្នុងប្រទេសអាស៊ានមួយនេះ នៅតែបន្តកើនឡើង ពោលគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ គឺដល់ចំនួន២៦៨នាក់ ខណៈ៨៨នាក់ទៀត នៅបន្តបាត់ខ្លួន។
ព្យុះកំណាច Yagi បានវាយប្រហារកាត់ភាគខាងជើងវៀតណាម
ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជិត២សប្តាហ៍មុន ហើយបង្កជា
ទឹកជំនន់និងគ្រោះរអិលបាក់ដីយ៉ាងអាក្រក់ ដែលបានសម្លាប់មនុស្សសរុប៥៥៨នាក់
នៅទូទាំងតំបន់នេះ ហើយក្នុងចំណោមនោះវៀតណាម និងមីយ៉ាន់ម៉ា មានមនុស្សស្លាប់ច្រើនជាងគេ។
កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលយោធា
បានប្រកាសថា គ្រោះទឹកជំនន់ បានបណ្តាលឱ្យមាន មនុស្សស្លាប់ចំនួន២៦៨នាក់
និងបាត់ខ្លួន៨៨នាក់ នៅទូទាំងប្រទេស ខណៈឃុំសរុបចំនួន៥៦ បានរងការជន់លិច។
ផ្ទៃដីស្រែនិងដំណាំដទៃទៀតទំហំជិត២៧០,០០០ហិកតា
ត្រូវបានលិចលង់ ហើយសត្វចិញ្ចឹមតាមកសិដ្ឋានជាង ១០០,០០០ក្បាល
ត្រូវបានសម្លាប់។
អង្គការសហប្រជាជាតិ បានព្រមានថា
ប្រជាជនមីយ៉ាន់ម៉ារហូតដល់៦៣០,០០០នាក់
អាចនឹងត្រូវការការផ្តល់ជំនួយជាចាំបាច់ ដោយសារព្យុះ Yagi។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធា បានធ្វើការអំពាវនាវយ៉ាងកម្រមួយ
ដោយស្វែងរកការផ្តល់ជំនួយពីបរទេស ដើម្បីយកទៅជួយជនរងគ្រោះ
ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។ ប្រមុខរបបសឹក លោក Min Aung Hlaing បានបង្គាប់ឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់
ប្រឹងប្រែងធ្វើយ៉ាងណាស្តារស្ថានការណ៍ ឱ្យវិលទៅរកប្រក្រតីភាពវិញ ក្នុងរយៈពេល៦ខែ។
កាលពីថ្ងៃពុធ នាវាយោធាជើងទឹក១គ្រឿងរបស់ឥណ្ឌា
បានដឹកជំនួយដែលរួមមានអាហារក្រៀម សម្លៀកបំពាក់ ថ្នាំពេទ្យ និងតង់ស្នាក់នៅ
មកដល់កំពង់ផែ Thilawa ក្នុងទីក្រុង Yangon ដែលជាការមកដល់លើកដំបូង នៃជំនួយបរទេស៕
Post a Comment