កម្ពុជា-ចិន បន្តពង្រឹងមិត្តភាពដែកថែប និងធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបន្តពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ។

ភាគីទាំងពីរលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្តែងនូវការអបអរសាទរចំពោះលោក វ៉ាង វិនពីន ចំពោះការទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងស្ថានទូតចិននៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។

លោក វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ ។ ទន្ទឹមនោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោក វ៉ាង វិនពីន ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូត នៅកម្ពុជា លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការនាំមកនូវសមិទ្ធផលធំៗ បន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ចិន ៕









Powered by Blogger.