កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល គ្រឹះស្ថានអង្គរ សម្រេចដាក់ចេញ នូវការកែសម្រួលមួយចំនួន
ភ្នំពេញ ៖ កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី ៣ លើកទី ៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី « ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិ ក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង» សម្រេចដាក់ចេញនូវការកែសម្រួលមួយចំនួនដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើ នៅថ្ងៃទី ២៧
ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម សុខ សូកេន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗពាក់ព័ន្ធជាច្រើនរូបចូលរួម។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បញ្ជាក់ថា ដើម្បីបង្ករភាពងាយស្រួល ជូនភ្ញៀវទេសចរបន្ថែមទៀត
កិច្ចប្រជុំ បានសម្រេច៖ សម្រាប់បណ្ណទស្សនានារយៈពេល ១ ថ្ងៃ ត្រូវបាន
លុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត សញ្ញជាតិ ក្រុមអាយុ
និងភេទ រាល់ពេលភ្ញៀវទេសចរ បរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ
ចាប់ពីចុងខែកញ្ញា ឆ្នាំ ២០២៤ តទៅ។
បើតាមកិច្ចប្រជុំខាងលើ បានស្នើឱ្យមានការ
បង្កើតក្រុមការងារចម្រុះ ពិនិត្យ
និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២
ដើម្បីធ្វើការសិក្សា និងដាក់ឱ្យដំណើការកំណែទម្រង់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
ក្នុងការលក់បណ្ណចូលទស្សនា ជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ
២០២៥ តទៅ។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី អូន
ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាស្ត្រណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន
ត្រូវបង្កើនការរៀបចំកែលម្អ បង្គន់អនាម័យក្នុង
តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធិភាព
នៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់បណ្ណ ពង្រឹងនីតិវិធីត្រួតពិនិត្យបណ្ណ
ឱ្យបានកាន់តែល្អប្រសើរ និងបង្ករភាពងាយស្រួល ជូនភ្ញៀវទេសចរបន្ថែមទៀត៕



.jpg)
Post a Comment