សម្តេចធិបតី៖ ធនធានមនុស្សជាកត្តាសំខាន់បំផុតដែលរាជរដ្ឋាភិបាល ត្រូវបន្តវិនិយោគដោយខានមិនបាន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលរាជរដ្ឋាភិបាលនឹងត្រូវបន្តវិនិយោគដោយខានមិនបាន តាមរយៈការឧបត្ថម្ភ និងដំឡើងប្រាប់បៀវត្សជូនដល់លោកគ្រូ អ្នកគ្រូជាបន្តបន្ទាប់តាំងពីដើមរហូតដល់បច្ចុប្បន្ន និងទៅអនាគត។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្អឹងខ្នងរបស់វិស័យអប់រំគឺជាគ្រូ ដូច្នេះគ្រូត្រូវតែខ្លាំង និង ត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ ហើយចំពោះវិស័យអប់រំនេះ គឺរាជរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិច្រើនជាងក្រសួងស្ថាប័ន ណាៗទាំងអស់ដើម្បីលើកកម្ពស់វិស័យអបរំនេះឲ្យមានស្តង់ដា និងរីកចម្រើនទៅមុខបន្ថែមទៀត។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ដើម្បីពង្រឹងគុណភាពលើវិស័យអប់រំរដ្ឋតម្រូវឱ្យលោកគ្រូ អ្នកគ្រូមានចំណេះដល់កម្រិតថ្នាក់បត្របរិញ្ញាបត្រ និងថ្នាក់បត្របរិញ្ញាបត្រជាន់ខ្ពស់ ដោយក្នុងនោះជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងតម្រូវឲ្យគ្រូបង្រៀននៅ បឋមសិក្សានិងអនុវិទ្យាល័យ យ៉ាងហោចណាស់មានកម្រិតថ្នាក់បរិញ្ញាបត្រ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះដែរ សម្តេចធិបតីក៏បានលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវមានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀតសម្រាប់សិស្ស និស្សិតរបស់ខ្លួនផងដែរ ដើម្បីឲ្យទាន់សម័យទំនើបបច្ចេកវិទ្យានោះ៕

Post a Comment