ក្រុមហ៊ុនសង់ស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣- ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងសម្រុករៀបគ្រឿងចក្រសម្រាប់ដំណើរការសាងសង់

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ជាអ្នកទទួលសាងសង់ កំពុងរៀបចំឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើអោយការសាងសង់ ដើម្បីដំណើរការចាប់ផ្ដើមសាងសង់នាពេលខាងមុខ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងថា បច្ចុបន្នក្រុមហ៊ុនCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។

ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ «ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើឱ្យការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់»

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ គឺតភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។​ ស្ពានឆ្លងកាត់ទន្លេមេគង្គ ជាប្រភេទស្ពានបេតុង មានប្រវែងសរុប ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ។

ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ និងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។

ស្របពេលជាមួយគ្នានៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ ដោយតភ្ជាប់ចរាចរណ៍ភូមិសាស្រ្តភាគខាងលិច ទៅខាងកើតនៃទន្លេមេគង្គ និងភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលជាច្រកដ៏មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងភស្តុភាកម្ម៕






 

Powered by Blogger.