ចូ បៃដិន ប្រកាសជាថ្មីថា នឹងមិនដកខ្លួនពីការប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន
បានបញ្ជាក់ឡើងវិញថា
រូបលោកនឹងមិនដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
នោះទេ ជាមួយការច្រានចោលការព្រួយបារម្ភរបស់ក្រុមអ្នកប្រជាធិបតេយ្យមួយចំនួន
និងក្រុមម្ចាស់ជំនួយដែលថាភាពមានះរបស់លោកអាចនឹងធ្វើឱ្យគណបក្សប្រជាធិបតេយ្យខាតបង់
ទាំងនៅសេតវិមាន និងសភាទាំង២ នៅក្នុងការបោះឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។
ការកត់សម្គាល់បែបនេះ
អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយកម្មវិធី Morning Joe របស់ទូរទស្សន៍ MSNBC ហើយលោក
បានលើកឡើងសាជាថ្មីឡើងវិញទៅកាន់ក្រុមអ្នកឧបត្ថម្ភ
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលក្ខណៈឯកជន។
ដោយប្រកាន់ខ្ជាប់នូវជំហរមិនបោះចោលការប្រកួត
លោក បៃដិន ក៏បាន ព្រលយដែរថា បេក្ខជនណាក៏ដោយដែលមានការសង្ស័យចំពោះសមត្ថភាពរបស់លោក
គួរតែចេញមុខមកប្រកួតប្រជែងជាមួយរូបលោកនៅឯសមាជរបស់គណបក្សប្រជាធិបតេយ្យ
នៅខែសីហាខាងមុខ។ ក៏ប៉ុន្តែ ការប្រកួតប្រជែងរបៀបនេះ គឺគ្មានឱកាសទទួលបានជោគជ័យនោះទេ
លុះត្រាតែលោក បៃដិនផ្ទាល់ស្ម័គ្រចិត្ត ប្រាប់ក្រុមប្រតិភូដែលបានបោះឆ្នោត
គាំទ្ររូបលោកក្នុងការបោះឆ្នោតបឋម ឱ្យទៅគាំទ្របេក្ខជនដទៃទៀត។
សូមជម្រាបថាលោក
ចូ បៃដិន ដែលមានអាយុ ៨១ឆ្នាំទៅហើយនោះ កំពុងប្រឈមមុខនឹងសប្ដាហ៍ដ៏សំខាន់
ខណៈសមាជិកបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើង បានអំពាវនាវឱ្យលោកដកខ្លួនចេញពីការប្រកួត
បន្ទាប់ពី លោកធ្វើមិនបានល្អ ក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ
កាលពីថ្ងៃទី២៧ ខែមិថុនា៕

Post a Comment