អភិបាលខេត្តតាកែវ បញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀរ ចោលទាំងអស់ក្នុងភូមិសាស្រ្តខេត្ត

 ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានដាក់ចេញបទបញ្ជា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តដែលជាកិច្ចប្រជុំលើកដំបូង ដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ចោលទាំងអស់ក្នុងភូមិសាស្រ្តខេត្តទាំងមូល។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនៃគណៈអភិបាល អភិបាលក្រុងស្រុក ស្នងការនឹងមេបញ្ជាការ ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការនិងមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុកនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា «ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំង ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់ សុខមោលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តង ព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារ ហើយអាចឈានទៅដល់ការ ផឹកគ្រឿងស្រវឹងទាំងនេះទៀត»។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានប្រាប់ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរ លើដីសាធារណៈរបស់រដ្ឋទាំងអស់ ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួន ដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ ។

បើតាមឯកឧត្តម វ៉ី សំណាង ថា ការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប្រភេទគ្រឿងស្រវឹង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនមាននៅក្នុងគំនិតរបស់ គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេសរាល់ការផ្សព្វផ្យាយដែលប៉ះពាល់ ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋគឺមិនបានដាច់ខាត៕



Powered by Blogger.