អ៉ីស្រាអែល បញ្ជូនគណៈប្រតិភូទៅចរចាជាមួយក្រុមហាម៉ាស ជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង
ប្រភព៖ Reuters
ហ៊្សេរុយសាឡិម៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកសម្រេចចិត្តបញ្ជូនគណៈប្រតិភូ ដើម្បីទៅចរចាជាមួយក្រុមហាម៉ាសឡើងវិញ ជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
មន្រ្តីមួយរូបក្នុងក្រុមអ្នកចរចាអ៉ីស្រាអែល និយាយថា ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀង បន្ទាប់ពីក្រុមហាម៉ាសធ្វើសំណើកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ប្រមុខនៃទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ Mossad នឹងដឹកនាំគណៈប្រតិភូសម្រាប់កិច្ចពិភាក្សានេះ។ ប្រភពដដែលបញ្ជាក់ថាផែនការដែលក្រុមហាម៉ាសដាក់ចេញ មានបញ្ចូលនូវការទម្លាយភាពជាប់គាំងដ៏សំខាន់មួយ។
បើតាមសេតវិមាន លោក Biden និងលោក Netanyahu បានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីរបៀបឆ្លើយតបទៅនឹងផែនការរបស់ក្រុមហាម៉ាស លើលក្ខខណ្ឌដែលមាននៃកិច្ចព្រមព្រៀងអ៉ីស្រាអែល-ហាម៉ាស។
នៅថ្ងៃពុធសប្តាហ៍នេះ អ៉ីស្រាអែល បានទទួលការឆ្លើយតបពីក្រុមហាម៉ាស ចំពោះផែនការមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីចុងខែឧសភា ដោយលោក Biden ដែលរួមបញ្ចូលនូវការដោះលែងចំណាប់ខ្មាំងប្រហែល ១២០នាក់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សា៕

Post a Comment