ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានផ្តល់កម្ចី៥០០ លានដុល្លារដល់អាជីវកម្មជាង ៣ ០០០
ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចូលរួមផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មគោលដៅចំនួន ៣ ៤០០ សហគ្រាសក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank)។
របាយការណ៍ដដែលបញ្ជាក់ថា
ការផ្តល់កម្ចីគឺធ្វើឡើងតាមរយៈយន្តការចំនួនពីរគឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់
និងគម្រោងសហហិរញ្ញប្បទានដែលសហការអនុវត្តជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម
ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជនមានចំនួនប្រមាណ
៨៦លានដុល្លារអាម៉េរិក។
ប្រភពដដែលបន្តថា
គិតត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទានតាមរយៈ
យន្តការឥណទានដោយផ្ទាល់ទៅដល់អាជីវកម្មគោលដៅ ចំនួន ៣៦៥ សហគ្រាស
ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥
លានដុល្លារកើនឡើងប្រមាណ ៦០ភាគរយធៀបនឹងឆ្នាំ២០២២
ខណៈការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន
ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ៣ ០៩៥
ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៩៤ លានដុល្លារ។
របាយការណ៍ដដែលបន្ថែមថា
ឆ្លងកាត់ប្រតិបត្តិការប៉ុន្មានឆ្នាំចុងក្រោយនេះសង្កេតឃើញថា
បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម នៅមានច្រើន ស្មុគស្មាញ
និងលើសពីតម្រូវការហិរញ្ញប្បទានដែលត្រូវការរួមចំណែកពីតួអង្គពាក់ព័ន្ធទាំងស្ថាប័នសាធារណៈ, ដៃគូអភិវឌ្ឍន៍ ជាពិសេស វិស័យឯកជនផ្ទាល់
រួមគ្នាដោះស្រាយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយភាពម្ចាស់ការ។
ក្នុងន័យនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
ប្តេជ្ញាបន្តខិតខំផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម
តាមរយៈការពង្រឹងសេវាឥណទានឱ្យកាន់តែមានប្រសិទ្ធភាព
ពោលគឺផ្តល់ភាពទន់ភ្លន់ឱ្យបានច្រើនលើលក្ខខណ្ឌទទួលបានឥណទាន, កាត់បន្ថយរយៈពេល បញ្ចេញឥណទានជូនអតិថិជន និងជាពិសេស
ផ្តល់ឥណទានឱ្យចំគោលដៅស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានគូសរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ធនាគារសហគ្រាសធុនតូច
និងមធ្យមកម្ពុជាបញ្ជាក់ថា ការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម
ដែលមានតម្រូវការហិរញ្ញប្បទានជួយគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម
សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

Post a Comment