ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ
ភ្នំពេញ៖ ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ បានលើកឡើងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ បានបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត អនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងនាមជារដ្ឋភាគី។
ការលើកឡើងបែបនេះរបស់ឧនាយករដ្ឋមន្ត្រី ហ៊ុន
ម៉ានី បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកចំពិព័រណ៍ផ្សព្វផ្សាយ
និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ
ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។
ក្នុងឱកាសនោះដែរ ឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថាការតាំងពិព័រណ៍
និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ
គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន
ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស
នៅត្រឹមឆ្នាំ២០៥០។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បន្តថាព្រឹត្តិការណ៍នេះគឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត
ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨»
ដែលជាយុទ្ធសាស្រ្តរៀបចំឡើង
ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស
និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន
ការការពារធនធានធម្មជាតិ
និងការអភិវឌ្ឍដោយចីរភាពដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។
លើសពីនេះ ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ។
សូមជម្រាបថាក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង៕






Post a Comment