១សប្ដាហ៍មកនេះ អយ្យការ និងសាលាដំបូងរាជធានីខេត្ត ចាត់ការសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុប ១១៤ករណី ឃាត់ខ្លួនចំនួន ២២៨នាក់
ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថាក្នុងរយៈពេល ១សប្ដាហ៍មកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១១៤ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៩១ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២២៨ នាក់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង
និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត
ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ
និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន
ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ
និងចូលរួមអនុវត្ត «៣កុំ ១រាយការណ៍» ដែលមានន័យថា
«កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា
និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕


Post a Comment