7/23/2026

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញពិនិត្យការស្តារ កែសម្រួលប្រឡាយរំដោះទឹកតាមបណ្តោយផ្លូវជាតិលេខ៣៣អា និងជួសជុលផ្លូវ ២ខ្សែ នៅក្រុងកែប

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប រួមនិងក្រុមការងារ បានអញ្ជើញចុះពិនិត្យការស្តារ និងកែលម្អប្រឡាយរំដោះទឹកមួយខ្សែតាមបណ្តោយផ្លូវជាតិលេខ ៣៣អា និងការជួសជុលផ្លូវចំនួន២ខ្សែ សកថិតក្នុងក្រុងកែប ខេត្តកែប ដើម្បីសម្រួលការរស់នៅ ការធ្វើដំណើរ និងការរំដោះទឹកជូនប្រជាពលរដ្ឋ។

ក្នុងឪកាសអញ្ជើញចុះពិនិត្យការស្តារ និងកែសម្រួលប្រឡាយរំដោះទឹក និងពិនិត្យការជួសជុលផ្លូវខាងលើនេះ ក៏មានការចូលរួមពី លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយម និងមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនផងដែរ។

សូមបញ្ជាក់ជូនថា ការស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាសេវាសាធារណៈដ៏ចាំបាច់ ក្នុងការបម្រើ ផលប្រយោជន៍រួម និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកែប៕