ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឬហៅថាស្កេមនោះ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា បានបណ្តេញជនបរទេសជាង ២ម៉ឺននាក់ ស្មើនឹងជាង ៣៨សញ្ជាតិ ហើយមានមនុស្សជាង ២ពាន់នាក់ កំពុងជាប់ពន្ធនាគារ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៤
ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
បានពិនិត្យទៅលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online
Scams)។
របាយការណ៍បានបង្ហាញថា
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដោយមានការចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវពីស្ថាប័ននីតិប្បញ្ញត្តិ
នីតិប្រតិបត្តិ និងតុលាការ អាជ្ញាធរគ្រប់ជាន់ថ្នាក់
ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូ
និងអង្គការអន្តរជាតិ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ
យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ទទួលបានលទ្ធផលវិជ្ជមានហួសពីការរំពឹងទុក។ បណ្តាញអង្គការចាត់តាំង ពួកមេខ្លោង
សមគំនិត ត្រូវបានបង្ក្រាប និងបោសសម្អាតដោយការចាត់ វិធានការនេះ
បានផ្តល់នូវកិត្តិយសដល់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ជាលទ្ធផលការងារដែលសម្រេចបានក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ
រួមមាន៖
១៖
ការអនុវត្តវិធានការរដ្ឋបាលបានធ្វើឡើងលើទីតាំងចំនួន ២៨ ៥១២ទីតាំង
ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ជនបរទេស
២៖ ការស្រាវជ្រាវ ស៊ើបអង្កេត
និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោក ចំនួន ៦៦៥ទីតាំង
៣៖ ការងារស្រាវជ្រាវ
និងស៊ើបអង្កេតតាមបណ្ដាទីតាំងកាស៊ីណូដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥
ក្នុងនោះកាស៊ីណូដែលពុំមានភស្តុតាងប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន
១២៣ និងកាស៊ីណូ ដែលផ្អាកសកម្មភាពដោយអសកម្មភាពមានចំនួន ៧២ទីតាំង
៤៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
បានបណ្តេញចេញជនបរទេសពីកម្ពុជាចំនួន ២១ ១០២នាក់ មាន ៣៨សញ្ជាតិ ភាគច្រើនជនជាតិចិន
វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស
៥៖ បានកសាង និងបញ្ជូនសំណុំរឿងចំនួន ២៦៨សំណុំរឿង
ទៅសាលាដំបូង រាជធានី-ខេត្តចំនួន ២១មុខសញ្ញាសង្ស័យចំនួន ២ ៧៧៣នាក់
កំពុងជាប់ឃុំចំនួន ២ ២០០នាក់ (ស្រី ៣៥៣នាក់) ក្នុងនោះជនជាតិខ្មែរចំនួន ៣១៣នាក់
(ស្រី ១០៨នាក់)។
ក្នុងប្រតិបត្តិការនេះ
អង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការ និងកសាងសំណុំរឿងចំនួន ៣សំណុំរឿង
មានជនសង្ស័យចំនួន ១៤នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏កំពុង
ធ្វើការស៊ើបអង្កេតករណីមួយចំនួនបន្តទៀតផងដែរ។
សូមបញ្ជាក់ដែរថា
ក្នុងគោលបំណងបង្ហាញដល់ពិភពលោកឱ្យឃើញថា កម្ពុជា
ជាជនរងគ្រោះនៃសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ព្រមទាំងការស្តារកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ
ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា
បានសម្រេចធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់
និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅ
នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
ដោយគ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រី មកពីបណ្តាប្រទេសចំនួន ១៦
និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ចំនួន ១៤ប្រទេស ព្រមទាំងអង្គការអន្តរជាតិចំនួន៦៕




