ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ អាលី វង្សណរប៊ុនថាំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនបដិវត្តឡាវ ប្រធានសហព័ន្ធនារីឡាវ បានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដំណាក់កាលឆ្នាំ២០២៦-២០៣០ ដែលពិធីនេះបានរៀបចំឡើងនៅអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នារសៀលថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងផងដែរថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវ ធ្លាប់បានចុះហត្ថលេខាលើអនុស្សារណៈរវាងស្ថាប័នទាំងពីរ បាន ១លើក គឺនៅឆ្នាំ២០១៦ បន្ទាប់មកក៏មានការខកខានពុំបានចុះហត្ថលេខាបន្តទេ។ ទោះបីមិនបានចុះហត្ថលេខាបន្តក្រោយអនុស្សរណៈផុតកំណត់ ដោយសារស្ថានភាពមិនអំណោយផលយ៉ាងក៏ដោយ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅតែបន្តអនុវត្ត និងរក្សាទំនាក់ទំនងជាមួយគ្នាជាធម្មតា។ ដោយឡែកខេត្តដែលនៅជាប់ព្រំដែនក៏បានភ្ជាប់ទំនាក់ទំនងទៅវិញទៅមករកគ្នា តាមរយៈ ការបង្កលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំខេត្ត។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អនុវត្តតាមខ្លឹមសារអនុស្សរណៈរបស់សមាគមនារី នៃប្រទេសទាំងពីរ បានរួមចំណែក៖ ការលើកកម្ពស់សិទ្ធិស្ត្រី ការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវស្របច្បាប់របស់ស្ត្រី និងបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាប្រពៃណីរវាងនារី នៃប្រទេសទាំងពីរ ថែរក្សាសុខសន្តិភាព និងកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងបន្តជំរុញទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរបានកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
