ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការបន្តនិរន្តរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទ នៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយរបស់ខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមេសា ឯកឧត្តម ប៉ែន បូណាបានលើកឡើងថា សម្រាប់ការបន្តនិរន្តរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដោយសម្លឹងឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ដោយឥតប្រែប្រួលឡើយ និងទទួលបានលទ្ធផលជាបន្តបន្ទាប់។
ឯកឧត្តមអ្នកនាំពាក្យថា “ជាក់ស្តែង តាមការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អក្នុងឆ្នាំ២០២៦ នេះ ពោលគឺកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអាស៊ានបើទោះបីជាកម្ពុជាជួបប្រទះនឹងសង្គ្រាមឈ្លានពាន ហើយពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជាដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក្តី” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា កាលពីដើមឆ្នាំ២០២៦ មន្ត្រីជំនាញអង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជានៅតែអាចបំពេញបាននូវលក្ខខ័ណ្ឌចាំបាច់នានា ដើម្បីចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ២០២៩ ដូចការគ្រោងទុក។
ឯកឧត្តមអះអាងថា ភាពសប្បាយរីករាយ និងចលនាទេសចរក្នុងស្រុក ក៏ដូចជាទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក៏បានបង្ហាញពីសកម្មភាពសង្គម-សេដ្ឋកិច្ចយ៉ាងរស់រវើក ខណៈការដោះស្រាយវិបត្តិប្រេងឥន្ធនៈ បានល្អក៏ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំ បានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ៕
