អ្នកសារព័ត៌មានអន្តរជាតិ ២០រូបចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam ដោយសមត្ថកិច្ចកម្ពុជា
ភ្នំពេញ៖ អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ករណីសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា
ឆ្នាំ២០២៦ នៅទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញដាក់ពេលវេលាដើម្បីស្រាវជ្រាវ
រហូតដល់អាចឈានដល់ការបង្រ្កាបបានជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញប្រាប់អ្នកសាព័ត៌មាននៅពេលនោះភ្លាមៗថា
ការបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់(ស្រី្ត
២៧នាក់) មានជនជាតិចិន និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង
រួមមានកុំព្យូទ័រ ALL in One ៨៩គ្រឿង,
Monitor ១ គ្រឿង CPU ០១គ្រឿង
និងទូរសព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤គ្រឿង ខណៈសម្ភារៈទាំងនោះគឺរក្សាសភាពដើម
ដូចកាលមុនពេលសមត្ថកិច្ចចុះបង្ក្រាប ដោយពុំទាន់មានការប៉ះពាល់
ហើយរង់ចាំការអនុវត្តនីតិវិធីជាបន្តបន្ទាប់។
ការចុះបង្ក្រាបនេះធ្វើឡើង
ក្រោមបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន
ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ
រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង ដោយមានការសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍
និងពិនិត្យនៅទីតាំងផ្ទាល់របស់សមត្ថកិច្ចជំនាញ
ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online
Scams) ទៅប្រទេសផ្សេងៗ ក្រោមរូបភាពអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់ក្នុងគម្រោងវិនិយោគក្លែងក្លាយ
និងការលួងលោមបែបស្នេហា។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ
ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ
បាននិងកំពុងធ្វើប្រតិបត្តិការបង្រ្កាប និងបោសសម្អាតអំពើឆបោកអនឡាញយ៉ាងសកម្ម
និងជាប់ជាប្រចាំដោយបានបង្រ្កាបទីតាំងសរុបចំនួន៦៥ករណី/ទីតាំងគិតចាប់ពីខែមករា
រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងការបង្រ្កាបទាំងនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ
សរុបចំនួន ៨៨៧នាក់ (ស្ត្រី ២៣៣នាក់)។
ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ
មានជនជាតិបរទេសពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ ចំនួន ៥៥៦នាក់ ក្នុងនោះស្ត្រី ចំនួន
៥៥នាក់ មាន ១៦សញ្ជាតិផ្សេងគ្នា។
បច្ចុប្បន្ន
សមត្ថកិច្ចបានកសាងសំណុំរឿងពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួក
ដើម្បីគាំទ្រដល់ដំណើរការក្នុងនីតិវិធីតុលាការ ខណៈចំពោះករណីផ្សេងទៀត
សមត្ថកិច្ចរាជធានីបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍
និងជំនាញពាក់ព័ន្ធដើម្បីអនុវត្តនីតិវិធីបន្តរួមទាំងការបណ្តេញចេញឱ្យត្រលប់ទៅប្រទេសដើមរបស់ខ្លួនវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦។
សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន
បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល
ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ
នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕










Post a Comment