ប្រធានាធិបតីអេហ្ស៊ីប អំពាវនាវដល់ ត្រាំ ឱ្យជួយបញ្ឈប់សង្គ្រាម ដោយព្រមានថាថ្លៃប្រេងអាចហក់ដល់ ២០០ដុល្លារ
កៃរ៉ូ៖ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌុលហ្វាតាហ៍ អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) បានអំពាវនាវយ៉ាងទទូចទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យជួយបញ្ឈប់សង្គ្រាមនៅតំបន់ឈូងសមុទ្រ ដោយលោកបញ្ជាក់ថា មានតែលោក ត្រាំ ម្នាក់គត់ដែលអាចធ្វើរឿងនេះបាន។
ថ្លែងនៅក្នុងសន្និសីទថាមពលនៅទីក្រុងកៃរ៉ូ លោក
អាល់-ស៊ីស៊ី បានអង្វរករថា «ខ្ញុំសូមប្រាប់ទៅលោកប្រធានាធិបតី
ត្រាំ៖
គ្មាននរណាម្នាក់អាចបញ្ឈប់សង្គ្រាមនៅក្នុងតំបន់ឈូងសមុទ្ររបស់យើងបានក្រៅពីលោកទេ។
សូមមេត្តាជួយយើងបញ្ឈប់សង្គ្រាមនេះផង លោកមានសមត្ថភាពធ្វើវាបាន»។
លោកប្រធានាធិបតីអេហ្ស៊ីប បានព្រមានថា
ការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពល
នឹងបង្កឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ដោយលោកព្រមានថា
ការដែលអ្នកវិភាគខ្លាចក្រែងតម្លៃប្រេងហក់ឡើងដល់ជាង ២០០ដុល្លារក្នុងមួយបារ៉ែលនោះ «មិនមែនជារឿងបំផ្លើសឡើយ»។
លោក អាល់-ស៊ីស៊ី
ក៏បានសម្តែងការព្រួយបារម្ភចំពោះវិបត្តិស្បៀងអាហារពិភពលោក
ដែលអាចនឹងកើតឡើងដោយសារការរាំងស្ទះដល់ការនាំចេញជីកសិកម្ម
ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសដែលមានចំណូលមធ្យម និងប្រទេសដែលងាយរងគ្រោះបំផុត៕ (Reuters)

Post a Comment