3/03/2026

ថ្លៃដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ា ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

បរទេស៖ ទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុ LSEG មានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ បង្ហាញថាតម្លៃជួលនាវាយក្សដឹកប្រេង ដើម្បីដឹកជញ្ជូនប្រេងចេញពីតំបន់មជ្ឈិមបូព៌ាទៅកាន់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺជាង ៤០០ ០០០ដុល្លារក្នុងមួយថ្ងៃ ខណៈជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើង ដោយទីក្រុងតេហេរ៉ង់ កំពុងកំណត់គោលដៅលើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz

LSEG បញ្ជាក់ថា ថ្លៃដឹកជញ្ជូនគិត​ត្រឹម​ថ្ងៃចន្ទ ទី២ ខែមីនា គឺ ៤២៣ ៧៣៦ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ។ តម្លៃនេះ​ជាការកើនឡើង​ទ្វេដងគិត ​ចាប់ពី​ថ្ងៃសុក្រសប្តាហ៍មុន និង​បន្ត​កើនឡើង​ពី​កម្រិត​ខ្ពស់​​ក្នុងរយៈពេល​ ៦ឆ្នាំ​ ក្រោយ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​​វាយប្រហារ​អ៊ីរ៉ង់ និង​បាន​សម្លាប់​មេដឹកនាំ​កំពូល​ Ayatollah Khamenei កាលពី​ថ្ងៃ​សៅរ៍។

ដើម្បីសងសឹក អ៊ីរ៉ង់បានវាយប្រហារប្រទេសឈូងសមុទ្រ ដែលនាំឱ្យមានការបិទរោងចក្រប្រេង និងឧស្ម័ននៅទូទាំងតំបន់មជ្ឈិមបូព៌ា ជំរុញឱ្យតម្លៃប្រេងហក់ឡើង។ ប្រេងឆៅប្រភេទ Brent បានកើនឡើង ៧.៣ភាគរយកាលពីថ្ងៃចន្ទ ហើយកើនថែម ១.៤៣ភាគរយទៀតនៅក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ។

នៅក្នុងទីផ្សារឧស្ម័នធម្មជាតិវិញ តម្លៃឧស្ម័នធម្មជាតិរាវ (LNG) ស្តង់ដារអឺរ៉ុប និងអាស៊ីបានកើនឡើងប្រហែល ៤០ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហ៊ុនថាមពលរដ្ឋកាតា ប្រកាសបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវ ដោយសារតែការវាយប្រហាររបស់អ៊ីរ៉ង់៕ (CNA)