ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដាក់ចេញលក្ខខណ្ឌចម្បងចំនួន៥ឱ្យអាមេរិក បើចង់បញ្ចប់សង្រ្គាម
តេហេរ៉ង់៖ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនផែនការរបស់ខ្លួនសំដៅបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ាឱ្យទីក្រុង តេហេរ៉ង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដោយផ្អែកលើប្រភពពីមន្រ្តីសន្តិសុខនយោបាយជាន់ខ្ពស់មួយរូប ដែលមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា ដំណោះស្រាយណាមួយសម្រាប់ជម្លោះនេះ គឺនឹងអាស្រ័យទាំងស្រុង លើលក្ខខណ្ឌក៏ដូចជាពេលវេលាកំណត់របស់អ៊ីរ៉ង់ផ្ទាល់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់
Press
TV បាននិយាយថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ ធ្វើជាអ្នកដឹកមុខនៃទិសដៅស្ថានការណ៍ឡើយ ហើយបានសង្កត់ធ្ងន់ថា
ប្រតិបត្តិកាវាយប្រហារការពារខ្លួនរបស់អ៊ីរ៉ង់ នឹងបន្តរហូតទាល់តែការទាមទាររបស់ខ្លួន
ត្រូវបានទទួលយក។ បើតាម Press
TV ទីក្រុងតេហេរ៉ង់ បានដាក់ចេញលក្ខខណ្ឌចម្បងចំនួន៥
បើចង់ឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់។
លក្ខខណ្ឌទាំង៥នោះ
រួមមាន៖ ១. បញ្ឈប់ទាំងស្រុងនូវការឈ្លានពាននិងការធ្វើឃាតរបស់សត្រូវ។ ២.
បង្កើតយន្តការរឹងមាំ ដើម្បីធានាថា អ៊ីរ៉ង់នឹងមិនរងការបង្កសង្រ្គាមតទៅទៀត
នាពេលអនាគត។ ៣. ធានានិងកំណត់ច្បាស់លាស់
អំពីសំណងចំពោះការខូចខាតដែលបង្កឡើងដោយសង្រ្គាម សម្រាប់ប្រទេសអ៊ីរ៉ង់។ ៤.
បិទបញ្ចប់សង្រ្គាមនៅគ្រប់សមរភូមិ
និងជាមួយចលនាប្រដាប់អាវុធទាំងអស់ដែលជាប់ពាក់ព័ន្ធ នៅទូទាំងតំបន់ និង៥.
ទទួលស្គាល់និងធានាជាអន្តរជាតិ ចំពោះអធិបតេយ្យរបស់អ៊ីរ៉ង់ លើការគ្រប់គ្រងច្រកសមុទ្រ
Hormuz។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថា អ៊ីរ៉ង់កំពុងពិនិត្យលើសំណើមួយរបស់សហរដ្ឋអាមេរិក ដើម្បីបិទបញ្ចប់សង្រ្គាម ប៉ុន្តែមិនមានបំណងចរចាបន្ធូរបន្ថយជម្លោះនោះឡើយ៕ (Aljazeera)
Post a Comment