ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល
ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ
តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់
និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។
គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖
សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម២
ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម
ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។
ឆ្លៀតក្នុងឱកាសនោះ
លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន
តាមរយៈ លោកឯកអគ្គរដ្ឋទូត ដែលតែងតែឈរ ជាមួយកម្ពុជា
ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ គឺជា សក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុង រួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕




